ការពិន័យលើភាពជាម្តាយ៖ បញ្ហាប្រឈម ការពិត និងដំណោះស្រាយ
- Soriya Theang
- May 2, 2024
- 1 min read
Updated: May 3, 2024

ការក្លាយជាម្តាយគឺជាបទពិសោធន៍ដែលផ្លាស់ប្តូរជីវិតមួយសម្រាប់មនុស្សស្រី ដែលនាំមកនូវសេចក្តីសប្បាយរីករាយ គួបផ្សាំនិងទំនួលខុសត្រូវថ្មីៗផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ស្ត្រីជាច្រើន ដំណើរឆ្ពោះទៅរកភាពជាម្តាយក៏រួមបញ្ចូលផងដែរនូវបញ្ហាប្រឈមនៅកន្លែងធ្វើការ។ ទោះបីជាមានសមភាពយេនឌ័រក៏ដោយ កន្លែងធ្វើការនៅតែបន្តដាក់សម្ពាធម្តាយ ដែលគេហៅថា "ការពិន័យលើភាពជាម្តាយ"។
"ការពិន័យលើភាពជាម្តាយ" សំដៅលើគុណវិបត្តិដែលស្ត្រីជួបប្រទះនៅកន្លែងធ្វើការដោយសារតួនាទីជាម្តាយ។ ការស្រាវជ្រាវមួយបានលើកឡើងថា ការពិន័យនេះកើតចេញពីការរំពឹងទុកក្នុងសង្គមទៅលើម្តាយ និងលក្ខណៈមិនច្បាស់លាស់ទាក់ទងនឹងតួនាទីយេនឌ័រ និងទំនួលខុសត្រូវក្នុងការថែទាំនៅក្នុងផ្ទះ។ ជាក់ស្តែង ចាប់ពីពេលដែលស្ត្រីប្រកាសពីការមានផ្ទៃពោះរបស់គាត់នៅកន្លែងធ្វើការ ការរើសអើងផ្អែកលើការមានផ្ទៃពោះ បានកើតមាននៅក្នុងកន្លែងធ្វើការ ដែលប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការរើសបុគ្គលិក ការដំឡើងឋានៈ និងការដំឡើងប្រាក់ខែ។
ការពិតនៃ"ការពិន័យលើភាពជាម្តាយ"៖
ការស្រាវជ្រាវបានបង្ហាញពីអត្ថិភាព និងផលប៉ះពាល់នៃ "ការពិន័យលើភាពជាម្តាយ" លើមុខរបរនិងហិរញ្ញវត្ថុរបស់ម្តាយ។ ការសិក្សាជាច្រើនដែលបានសិក្សាលើបញ្ហាខាងលើ បានបង្ហាញឱ្យឃើញថា ស្ត្រីជាម្តាយជាញឹកញាប់ជួបប្រទះបញ្ហានៅកន្លែងការងារដូចជា ប្រាក់ខែទាប ឱកាសក្នុងការតម្លើងឋានៈតិចជាងមុន និងការថយចុះនៃឱកាសការងារ បើប្រៀបធៀបទៅនឹងបុរស និងស្ត្រីដែលគ្មានកូន។ ជាឧទាហរណ៍ ការសិក្សាមួយរបស់ Budig and England នៅឆ្នាំ២០០១ បានបង្ហាញថា ស្រ្តីជាម្តាយប្រឈមមុខនឹងគម្លាតប្រាក់ខែប្រហែល ៤% ក្នុងមួយកូន ដែលបណ្តាលឱ្យមានភាពខុសគ្នានៃប្រាក់ចំណូលពេញរបស់ពួកគេក្នុងមួយជីវិត។
"ការពិន័យលើភាពជាម្តាយ" មិនត្រឹមតែប៉ះពាល់ដល់ស្ត្រីជាម្តាយម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានវិសមភាពយេនឌ័រនៅក្នុងវិស័យការងារ និងសង្គមទាំងមូលផងដែរ។ តាមរយៈការពិន័យលើស្រ្តីជាម្តាយចំពោះទំនួលខុសត្រូវថែទាំគ្រួសារដែលបានដាក់មកលើពួកគេ កន្លែងធ្វើការបានកំពុងពង្រឹងបទដ្ឋានយេនឌ័របែបប្រពៃណី និងរារាំងដល់ការពង្រឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ស្ត្រី។ លើសពីនេះទៀត ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃ "ការពិន័យលើភាពជាម្តាយ" អាចរួមចំណែកដល់ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដោយធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ដូចជាគម្លាតទ្រព្យសម្បត្តិតាមយេនឌ័រ និងអសន្តិសុខក្នុងការចូលនិវត្តន៍។
ដំណោះស្រាយលើ "ការពិន័យលើភាពជាម្តាយ"៖
ដើម្បីដោះស្រាយបញ្ហាការពិន័យលើភាពជាម្តាយ វាតម្រូវឱ្យយើងមានយុទ្ធសាស្រ្តទូលំទូលាយនៅកម្រិតជាច្រើន រួមទាំងកម្រិតគោលនយោបាយ កម្រិតកន្លែងការងារ និងកម្រិតបទដ្ឋានវប្បធម៌។
នៅកម្រិតគោលនយោបាយ រដ្ឋាភិបាលអាចអនុវត្តនូវវិធានការដូចជា ការផ្តល់ការឈប់សម្រាកដល់ឪពុកម្តាយនិងមានប្រាក់ឧបត្ថម្ភស្រដៀងនឹងការផ្តល់មាតុភាព សេវាការថែទាំកុមារដោយមិនគិតថ្លៃ និងច្បាប់ប្រឆាំងនឹងការរើសអើង ដើម្បីការពារសិទ្ធិរបស់ស្រ្តីជាម្តាយដែលកំពុងរកការងារធ្វើ និងកំពុងធ្វើការ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារ។
កន្លែងការងារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកន្លែងធ្វើការដែលរួមបញ្ចូលមនុស្សទាំងអស់គ្នា ដែលគាំទ្រតម្រូវការចម្រុះរបស់បុគ្គលិក រួមទាំងម្តាយដែលកំពុងធ្វើការផងដែរ។ ការធ្វើការងារពីផ្ទះដោយប្រើប្រព័ន្ធទូរគមនាគមន៍ ម៉ោងធ្វើការដែលអាចបត់បែនបាន និងការចែករំលែកការងារ អាចឲ្យស្រ្តីជាម្តាយមើលថែទាំកូន ខណៈពេលដែលអនុញ្ញាតឱ្យស្ត្រីបន្តចូលរួមក្នុងអាជីពរបស់ពួកគេ។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការពិន័យលើភាពជាម្តាយ ការលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូល និងការផ្តល់ជូននូវកម្មវិធីណែនាំ និងការគាំទ្រសម្រាប់ម្តាយដែលធ្វើការ អាចជួយកាត់បន្ថយផលប៉ះពាល់នៃការពិន័យលើភាពជាម្តាយនៅក្នុងកន្លែងការងារ។
ការផ្លាស់ប្តូរវប្បធម៌ក៏ចាំបាច់ផងដែរ ដើម្បីប្រឆាំងនឹងបទដ្ឋានជុំវិញភាពជាម្តាយ និងការមើលថែដែលមានការរើសអើង។ តាមរយៈការផ្សព្វផ្សាយជាវិជ្ជមានរបស់ស្រ្តីជាម្តាយដែលធ្វើការនៅលើប្រព័ន្ធផ្សព្វផ្សាយ ការប្រយុតប្រឆាំងនឹងកត្តាយេនឌ័រក្នុងការអប់រំ និងការចិញ្ចឹមបីបាច់ថែរក្សា និងជំរុញវប្បធម៌នៃទំនួលខុសត្រូវក្នុងការថែទាំរួមគ្នារវាងម្តាយនិងឪពុក សង្គមនឹងអាចបង្កើតបរិយាកាសនៅក្នុងកន្លែងការងារដែលគាំទ្រស្រ្តីជាម្តាយដែលកំពុងធ្វើការ។
Comments