ចំណងជើង៖ ការប្រើប្រាស់ប្រជាភិថុតិក្នុងនាមសមភាពយេនឌ័រ
- Soriya Theang
- Mar 8, 2024
- 1 min read
Updated: May 3, 2024

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានឃើញករណីរំលោភបំពានដ៏ល្បីជាច្រើនលើស្ត្រី និងទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ ប៉ុន្តែតើការយកចិត្តទុកដាក់ប្រភេទនេះមានប្រសិទ្ធភាពក្នុងការបង្កើតវឌ្ឍនភាពយូរអង្វែងឆ្ពោះទៅរកសមភាពយេនឌ័រដែរឬទេ?
នៅពេលដែលអ្នកនយោបាយប្រើប្រាស់សមភាពយេនឌ័រជាឧបករណ៍ប្រជានិយមដើម្បីអំពាវនាវដល់ការអាណិតអាសូររបស់សាធារណជន សកម្មភាពទាំងនេះអាចបង្កើតសុច្ឆន្ទៈនយោបាយបណ្តោះអាសន្ន ប៉ុន្តែនឹងមិននាំទៅរកការផ្លាស់ប្តូរយូរអង្វែងសម្រាប់ស្ត្រី (និងបុរស) ដែលត្រូវការវាច្រើនបំផុតនោះទេ។
អ្វីដែលយើងមិនគួរបំភ្លេច
ទំនោរនេះនៅក្នុងការតស៊ួមតិយេនឌ័រ ដែលចំណាប់អារម្មណ៍សាធារណៈ និងរដ្ឋាភិបាលចំពោះសមធម៌យេនឌ័រផ្លាស់ប្តូរយ៉ាងខ្លាំង — ពីកំហឹងដ៏ក្លៀវក្លារហូតដល់ភាពអសកម្ម — ធ្វើឱ្យដំណើរការសមធម៌យេនឌ័រប្រកបដោយនិរន្តរភាពមានការលំបាក។
ដូចដែលយើងបានឃើញនៅក្នុងករណីរំលោភបំពានដ៏ល្បីជាច្រើនលើស្ត្រី នៅពេលដែលការយកចិត្តទុកដាក់របស់សាធារណជនរលត់ទៅ ចំណាប់អារម្មណ៍របស់មន្ត្រីរដ្ឋាភិបាលក៏រលាយបាត់ដែរ។ ជាលទ្ធផល ប្រព័ន្ធតុលាការមិនមានទំនួលខុសត្រូវ តម្លាភាព និងឯករាជ្យក្នុងការដោះស្រាយអំពើហិង្សាលើស្ត្រី។
ចុះមានរឿងអ្វីកើតឡើងចំពោះ លោក ហេង សៀ លោក ឌួង ឆាយ និង លោក សុខ ប៊ុន? ចម្លើយគឺយុត្តិធម៌មិនទាន់មានក្នុងករណីទាំងបីខាងលើនេះទេ ហើយក៏ខ្វះការតាមដានពីសាធារណជន។
អំពើហឹង្សាក្នុងគ្រួសារដែលមិនកើនឡើងដល់កម្រិតឃាតកម្ម ជារឿយៗមិនត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរគ្រប់គ្រាន់ដែលត្រូវដោះស្រាយដោយតុលាការនោះទេ ហើយវាកម្រនឹងលេចលឺព័ត៌មានរហូតដល់វាយឺតពេល។
ចំពោះរឿងរបស់កញ្ញា យូប៊ី ឬ មាស ពេជ្ររីតា វិញ ទោះជាតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទលួចលើកញ្ញាក៏ដោយ ក៏គេមិនទាន់បានឮដែរថា តើលោក ហេង សៀ នឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈឬយ៉ាងណា។
ចំណែកលោក ឆាយ ត្រូវបានដកហូតតំណែងឧកញ៉ា ប៉ុន្តែបានគេចផុតពីការសាកសួររបស់ប៉ូលិសទាំងស្រុងបន្ទាប់ពីបានចូលបួសជាព្រះសង្ឃមួយរយៈខ្លី។ រហូតមកដល់ថ្ងៃនេះ គ្មាននរណាម្នាក់ដឹងពីស្ថានភាពនៃការស៊ើបអង្កេតនោះទេ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ៖ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានប្រាប់ VOD ថា ពួកគេមិនបានដឹងពីស្ថានភាពករណីនេះទេ ព្រោះករណីនេះ នៅជាមួយតុលាការ»។
ក្នុងករណីលោក សុខ ប៊ុន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ប៉ុន្តែត្រូវព្យួរទោស ១០ ខែ។
នៅក្នុងប្រព័ន្ធតុលាការ តុលាការហាក់ដូចជាធ្វើសកម្មភាព លុះត្រាតែគេប្រាប់ឱ្យធ្វើដូច្នេះ។ ដោយកត់សម្គាល់ពីនិន្នាការនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានហៅឧបករណ៍តុលាការនេះថាជាតុលាការដែលគ្រប់គ្រងពីចម្ងាយ។ ហើយតុលាការដែលគ្រប់គ្រងពីចម្ងាយនេះមិនបានកាត់ទោសជនល្មើស ឬកាត់ថាមិនមានទោសនៅពេលដែលមិនមានការចាប់អារម្មណ៍ជាសាធារណៈ។
អ្នកដែលយើងមិនគួរបំភ្លេច
ប្រសិនបើស្ត្រីដែលអាចទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈក្នុងរយៈពេលវែងលើបញ្ហាប្រឈមដែលពួកគេបានជួបប្រទះទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងការបៀតបៀន និងដើម្បីសម្រេចបាននូវយុត្តិធម៌សម្រាប់ខ្លួនពួកគេ និងការទទួលខុសត្រូវពីជនល្មើស បានជួបបញ្ហា បញ្ហាប្រឈមទាំងនេះគឺកាន់តែធំសម្រាប់ស្ត្រីដែលមានជីវភាពក្រីក្រផ្សេងទៀត។
ថ្វីត្បិតតែជាអ្នកដែលជួបប្រទះអំពើហិង្សាពីដៃគូរស្និទ្ធស្នាលបំផុតក៏ដោយ ក៏ស្ត្រីក្រីក្រមិនអាចមានលទ្ធភាពរាយការណ៍ទៅប៉ូលីសបានទេ ដោយដឹងថាពួកគេនឹងបាត់បង់អ្នករកស៊ីចិញ្ចឹម ឬដោយភ័យខ្លាច ឬខ្មាស់អៀន។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការរំលោភបំពានប្រចាំថ្ងៃមិនអាចទ្រាំទ្របាន អ្នកខ្លះសម្រេចចិត្តស្វែងរកជំនួយ ទើបដឹងថាយុត្តិធម៌មិននៅខាងពួកគេទេ។ បើគ្មានការយកចិត្តទុកដាក់ជាសាធារណៈលើករណីបែបនេះទេ អាជ្ញាធរដែលប្រើប្រាស់សមភាពយេនឌ័រជាឧបករណ៍ប្រជានិយ មិនចូលទៅធ្វើចំណាត់ការឡើយ។
តួយ៉ាង កម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវបានគេធ្វើបាបរាងកាយជារៀងរាល់ថ្ងៃ រហូតដល់នាងទ្រាំមិនបាន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅប៉ូលីស ដែលដោះលែងប្តីរបស់នាង បន្ទាប់ពីបានត្រឹមតែស្តីបន្ទោស។ ក្រោយមកត្រូវបានគេរកឃើញថា កម្មការិនីរោងចក្រកាត់ដេរម្នាក់បាន ថប់ដង្ហើមស្លាប់។ ម្ចាស់ផ្ទះរបស់នាងបានរកឃើញសាកសពរបស់នាងបីថ្ងៃបន្ទាប់ពីការស្លាប់របស់នាងនៅក្នុងបន្ទប់ជួលរបស់នាងខណៈពេលដែលប្តីរបស់នាងកំពុងរត់។
អំពើហឹង្សាក្នុងគ្រួសារដែលមិនកើនឡើងដល់កម្រិតឃាតកម្ម ជារឿយៗមិនត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរគ្រប់គ្រាន់ដែលត្រូវដោះស្រាយដោយតុលាការនោះទេ ហើយវាកម្រនឹងលេចលឺព័ត៌មានរហូតដល់វាយឺតពេល។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ មានការតាមដានតិចតួច ឬមិនមានដោយប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវបានគេដឹងតិចតួចដោយសាធារណជនអំពីការផ្តន្ទាទោសជនល្មើស។ នៅពេលដែលករណីមួយចំនួននៃអំពើហិង្សាក្នុងគ្រួសារមានសភាពធ្ងន់ធ្ងរ ឈានដល់តុលាការព្រហ្មទណ្ឌ ការកាត់ទោសគឺស្រាលជាមួយនឹងអ្នករំលោភបំពានជាច្រើនដែលត្រូវបានផ្តល់ការផ្តន្ទាទោសទាបជាងអប្បបរមាផ្នែកច្បាប់។
របាយការណ៍ពីអង្គការលីកាដូក្នុងឆ្នាំ ២០១៧ បានលើកឡើងអំពីករណីមួយចំនួនដែលមិនមានយុត្តិធម៌។ ក្នុងករណីមួយ ជនល្មើសវាយម្តាយក្មេកដែលព្យាយាមរារាំងមិនឲ្យវាយប្រពន្ធរហូតដល់ស្លាប់ ដែលត្រូវកាត់បន្ថយការចោទប្រកាន់ពីពីរឆ្នាំមកត្រឹមប្រាំបីខែ។ ដំបូងឡើយ គាត់ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាបណ្តាលឲ្យស្លាប់ ដែលការផ្តន្ទាទោសមានពី ៧ ទៅ ១៥ ឆ្នាំ។
មួយករណីទៀត បុរសជាប្តីព្យាយាមកាត់បំពង់កប្រពន្ធ ហើយមួយករណីទៀតប្តីបាញ់ប្រពន្ធរហូតដល់ស្លាប់ ។ ជនដៃដល់ទាំងពីរត្រូវបានចោទប្រកាន់ពីបទហឹង្សាលើប្តីប្រពន្ធ - ជាបទឧក្រិដ្ឋដែលមានទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ ប៉ុន្តែមិនមែនជាការប៉ុនប៉ងមនុស្សឃាតដែលមានទោសដាក់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំយោងតាមក្រមព្រហ្មទណ្ឌ។
ករណីទាំងនេះមិនត្រឹមតែបង្ហាញពីការខ្វះទំនួលខុសត្រូវ និងការភ័ន្តច្រឡំលើច្បាប់ណាដែលអនុវត្តនោះទេ។ ករណីទាំងនេះក៏មិនបង្កឱ្យមានការតវ៉ាជាសាធារណៈផងដែរ បើទោះបីជាមានការផ្តន្ទាទោសអយុត្តិធម៌ក៏ដោយ។ ហើយក៏វាក៏មិនបង្កឱ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរ ដែលអាចជំរុញឱ្យតុលាការពិនិត្យមើលឡើងវិញនូវការកាត់ទោសរបស់ពួកគេ។
ទោះបីជាខ្លួនជាអ្នកដែលជួបប្រទះអំពើហិង្សាពីដៃគូស្និទ្ធស្នាលច្រើនជាងគេបំផុតក៏ដោយ ក៏ស្ត្រីក្រីក្រមិនអាចមានលទ្ធភាពរាយការណ៍ទៅប៉ូលិសបានដែរ។
តើអ្វីជាជំហ៊ានបន្ទាប់?
ការចាប់អារម្មណ៍ពីសាធារណជនចំពោះបញ្ហាសមភាពយេនឌ័រ ដូចដែលយើងបានឃើញពីមុនមកនៅក្នុងប្រទេសកម្ពុជា កើតឡើងបន្ទាប់ពីមានការកើនឡើង និងការធ្លាក់ចុះនៃវដ្តនៃការចូលរួមរបស់សាធារណជន។ វាមានប្រយោជន៍ក្នុងការស្វែងយល់ពីរបៀបដែលប្រភេទនៃការចូលរួមនេះដែលអាចទ្រទ្រង់បានក្នុងរយៈពេលវែង និងប្រើប្រាស់ដើម្បីបង្កើនសមភាពយេនឌ័រក្នុងលក្ខណៈជាប្រព័ន្ធបន្ថែមទៀត។
យ៉ាងណាមិញ ការចូលរួមជាសាធារណៈបែបនេះត្រូវបានបង្ហាញថាមានប្រសិទ្ធភាពនៅពេលអនុវត្តក្នុងលក្ខណៈជាយុទ្ធសាស្ត្រ និងនិរន្តរភាព។ ជាឧទាហរណ៍ នៅឆ្នាំ ២០២០ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមាត្រា ៣៦ បានហាមប្រាមស្ត្រីមិនឱ្យស្លៀកពាក់ “ខ្លីពេក” ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីបានសម្តែងការ ការប្រឆាំងនៅលើសេចក្តីព្រាងច្បាប់ថ្មីនេះ រួមទាំងការបង្កើតញត្តិអនឡាញ និងការបង្ហោះរូបភាពរបស់ពួកគេនៅក្នុងឈុតហែលទឹក និងសម្លៀកបំពាក់ដែលនឹងត្រូវបានហាមឃាត់ដោយច្បាប់នេះ។ ការចូលរួមតាមអ៊ីនធឺណិតនេះពីសាធារណជនហាក់ដូចជាផ្តល់ជំនួយដល់មាត្រដ្ឋានប្រឆាំងនឹងគោលនយោបាយគាបសង្កត់បែបនេះ។ ជាហេតុ សេចក្តីព្រាងច្បាប់មិនបានចូលជាធរមាននៅឆ្នាំ ២០២១។ សេចក្តីព្រាងច្បាប់នេះ ថែមទាំងត្រូវបានចែករំលែកជាមួយសាធារណជនសម្រាប់ការពិភាក្សា ដែលជាកម្រសម្រាប់រដ្ឋាភិបាលក្នុងការធ្វើ។
ប្រជាពលរដ្ឋកម្ពុជាគួរតែដឹងថា សំឡេង ការយកចិត្តទុកដាក់ និងការចូលរួមរបស់ពួកគេមានសារៈសំខាន់ ហើយអាចជំរុញអ្នកដែលមានអំណាចឱ្យធ្វើការផ្លាស់ប្តូរក្នុងការជំរុញបន្ថែមទៀតសម្រាប់សមភាពយេនឌ័រ។ បន្ថែមពីលើការយកចិត្តទុកដាក់នៅពេលដែលមានអំពើអយុត្តិធ៌មដ៏ឃោរឃៅលើដីស្ត្រីនៅក្នុងព័ត៌មាន យើងត្រូវការការចូលរួមជាបន្តបន្ទាប់បន្ថែមទៀតជុំវិញបញ្ហានេះពីសាធារណៈជន - ទាំងក្នុងទម្រង់នៃការតស៊ូមតិ និងការគាំទ្រជនរងគ្រោះ និងក្នុងទម្រង់នៃការទាមទារយុត្តិធម៌ផ្លូវច្បាប់សម្រាប់ជនល្មើស។ ក៏ដូចជាការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍ជានិរន្តរ៍ពីអ្នកនយោបាយ។
បើអ្នកនយោបាយមើលឃើញតែបញ្ហានេះជាឧបករណ៍ប្រជាភិថុតិក្នុងការប្រើប្រាស់ និងទទួលបានសុច្ឆន្ទៈសាធារណៈ នៅពេលដែលកំហឹងសាធារណៈផ្ទុះឡើងនោះ សាធារណជនគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ប្រសិនបើសាធារណជនអាចផ្តល់ការយកចិត្តទុកដាក់លើបញ្ហានេះរយៈពេលវែង ប្រហែលជាអ្នកនយោបាយអាចនឹងបន្តដំណោះស្រាយរយៈពេលវែង។
អត្ថបទនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅលើ VOD English នៅថ្ងៃទី 08 ខែមីនា ឆ្នាំ 2022។
コメント