top of page

ចំណងជើង៖ ការស្រឡាញ់ភេទដូចគ្នា និងព្រះពុទ្ធសាសនានៅកម្ពុជា

  • Writer: Soriya Theang
    Soriya Theang
  • May 18, 2024
  • 1 min read

Updated: Jun 25, 2024

LGBTIQ+
Design with Microsoft

ព្រះពុទ្ធសាសនា ដូចដែលបានអនុវត្តក្នុងប្រទេសកម្ពុជាមានគោលជំហរមិនច្បាស់លាស់ចំពោះការស្រឡាញ់ភេទដូចគ្នា ។ ជាក់ស្តែង ការបកស្រាយតាមបែបព្រះពុទ្ធសាសនាតែងតែថ្កោលទោសការស្រឡាញ់ភេទដូចគ្នាដោយប្រយោល ដោយចាត់ទុកបុគ្គលដែលស្រឡាញ់ភេទដូចគ្នា ឬត្រូវបានគេហៅថា ខ្ទើយ' មកពីកម្មផលអាក្រក់ដែលខ្លួនបានសាងកាលពីជាតិមុន។


ក៏ប៉ុន្តែ ព្រះពុទ្ធសាសនាក៏អនុវត្តការបង្រៀនអំពីសមភាព និងការមិនរើសអើង ដែលអាចជំរុញឱ្យមានឥរិយាបទរួមបញ្ចូលកាន់តែច្រើន។ ការអនុវត្តន៍ផ្ទុយគ្នានេះនៅក្នុងព្រះពុទ្ធសាសនា គូសបញ្ជាក់ការសន្ទនាដែលកំពុងបន្តរវាងប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនា។



"ខ្ទើយ" និងទ្រឹស្តីកម្មផលក្នុងព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនា ដូចដែលបានអនុវត្តក្នុងវប្បធម៌ខ្មែរ ថ្កោលទោសដោយប្រយោលចំពោះការស្រឡាញ់ភេទដូចគ្នា ។ ជាឧទាហរណ៍ "ច្បាប់ស្រី" ជាកំណាព្យដែលដាក់ចេញនូវក្រមសីលធម៌ប្រពៃណីសម្រាប់ស្ត្រី មិនត្រឹមតែរារាំងបុព្វហេតុស្ត្រីនិយមដែលកំពុងរីកចម្រើននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលលើក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅ កម្ពុជាផងដែរ។


នៅក្នុងបរិបទរបស់ "ច្បាប់ស្រី" ប្រពន្ធដែលមិនធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់ស្រីត្រូវទទួលការដាក់ទណ្ឌកម្ម ហើយត្រូវចាប់កំណើតជាខ្ទើយ — ឬ gay ជាភាសាអង់គ្លេស។ ខទី ១៦៨–១៨៦ របស់ "ច្បាប់ស្រី" ចែងថា៖


“ចំពោះ 'ប្រពន្ធខ្មាំង' នាង [...] មិនខ្លាចប្តីរបស់នាងទេ។ ប្រសិនបើប្តីរបស់នាងបង្គាប់នាងឲ្យធ្វើ នាងមិនធ្វើតាមទេ [...] អ្នកដែលធ្វើតាម'ប្រពន្ធខ្មាំង'និងមិនចង់កែប្រែអាកប្បកិរិយា។ នៅពេលដែលពួកគេស្លាប់ ពួកគេនឹងធ្លាក់ចូលទៅក្នុងនរកទាំងបួនដែលនឹងជួបទុក្ខវេទនា។ បន្ទាប់ពីនេះ ពួកគេនឹងត្រូវបានចាប់កំណើតឡើងវិញជា ខ្ទើយ" (Jacobsen, n.d, p.២១) ។  

កថាខណ្ឌខាងលើ​បង្ហាញ​ពី​មនុស្ស​ដែល​ត្រូវបានគេ​កំណត់​ថា​ជា​ស្ត្រី​​​ដែល​ក្នុង​ជីវិត​ចុង​ក្រោយរបស់នាង​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ នឹងចាប់កំណើត​ឡើង​វិញ​ថា​ជា «​ខ្ទើយ​» ដោយសារ​កម្មផលដែលពួកគេបានធ្វើ។ នៅក្នុងច្បាប់នៃកម្មផលរបស់ព្រះពុទ្ធសាសនា កម្មដែលមនុស្សម្នាក់បានសាងឲ្យផលនៅជាតិនេះ ជាតិក្រោយ និងជាតិក្រោយៗទៀត។ អំពើអាក្រក់ដែលប្រព្រឹត្តដោយបុគ្គលក្នុងជីវិតបច្ចុប្បន្ន នឹងឲ្យផលទៅបុគ្គលនោះនៅជីវិតបន្ទាប់ ហើយដាក់ទោសបុគ្គលនោះជាលទ្ធផល (BBC, nd) ។


ការស្ទង់មតិដែលធ្វើឡើងដោយសហគមន៍ឥន្ទធនូកម្ពុជា (RoCK) ក្នុងឆ្នាំ ២០១៥ បានរកឃើញថា ៥៣ ភាគរយនៃប្រជាជនកម្ពុជាដែលស្រឡាញ់ភេទផ្ទុយគ្នា ជឿថា អ្នកស្រលាញ់ភេទដូចគ្នាគឺដោយសារពួកគេបានសាងកម្មពៀរពីជាតិមុន (RoCK, ២០១៥, p.៤៨) ។ ជំនឿ​បែប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​យន្តការ​មួយ​ដែលអាចធ្វើឲ្យមាន​​ការ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​យេនឌ័រ​តឹងរ៉ឹង​និង​គាបសង្កត់លើអ្នកស្រឡាញ់ភេទដូចគ្នា។


ទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា


សាសនាជារឿយៗត្រូវបានគេលើកឡើងថាជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតដែលបង្កឲ្យមានការស្អប់ខ្ពើមអ្នកស្រលាញ់ភេទដូចគ្នា (Barnes and Meyer, ២០១២)។ ប៉ុន្តែ បើប្រៀបធៀបជាមួយសាសនាដទៃទៀត រួមមានសាសនាកាតូលិក ប្រូតេស្តង់ សាសនាយូដា និងសាសនាឥស្លាម ព្រះពុទ្ធសាសនា និងសាសនាហិណ្ឌូ បង្ហាញពីកាមិនគាំទ្រចំពោះការស្រឡាញ់ភេទដូចគ្នាតិចជាង(Larson, ២០១០)។ ទោះបីជាមិនមានការឯកភាពគ្នាលើទស្សនៈរបស់ព្រះពុទ្ធសាសនាលើការស្រឡាញ់ភេទដូចគ្នាក៏ដោយ ក៏ការមិនសូវរើសអើងលើការស្រឡាញ់ភេទដូចគ្នារបស់ព្រះពុទ្ធសាសនាបានឆ្លុះបញ្ចាំងតាមរយៈការបង្រៀនរបស់ព្រះពុទ្ធសាសនាស្តីពីសមភាព(Cheng, ២០១៨)។ ជាឧទាហរណ៍ ក្នុងជំហ៊ានទី៤ នៃទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា នៃផ្លូវទាំងប្រាំបី ឆ្ពោះទៅកាន់ការត្រាស់ដឹង ដែលហាមប្រាមការប្រព្រឹត្តិផ្លូវភេទដូចជា ការរំលោភ ការបៀតបៀនផ្លូវភេទ ការបៀតបៀនកុមារ និងការមិនស្មោះត្រង់ចំពោះប្តី ​​ឬប្រពន្ធនោះ ព្រះពុទ្ធសាសនាមិនបានបែងចែកភាពខុសគ្នារវាងការស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នានោះទេ។ បន្ថែមពីនេះទៀត  ព្រះពុទ្ធសាសនាក៏មិនបានហាមឃាត់ចំពោះការស្រឡាញ់ភេទដូចគ្នាផងដែរ (CCHR, ២០១០)។ នៅក្នុងប្រទេសថៃ ព្រះសង្ឃមួយចំនួនតស៊ូមតិឱ្យមានការបកស្រាយបន្ថែមអំពីព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើការអាណិតអាសូរ និងការទទួលយកចំពោះបុគ្គលដែលស្រឡាញ់ភេទដូចគ្នា ស្របតាមការបង្រៀនស្នូលរបស់ព្រះពុទ្ធ។ ព្រះសង្ឃមួយអង្គបានលើកឡើងថា “ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា គឺខុសនឹងការបង្រៀនរបស់ព្រះពុទ្ធ។ អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្សដែរ ពួកគេក៏ជាពុទ្ធសាសនិក ហើយក្នុងនាមជាព្រះសង្ឃ ខ្ញុំគាំទ្រ និងទទួលយកពុទ្ធសាសនិកទាំងអស់ ហើយមានបំណងកាត់បន្ថយទុក្ខលំបាករបស់ពួកគេ” (Rina, ២០២០)។ ការ​គាំទ្រ​ជា​វិជ្ជមាន​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​​ព្រះពុទ្ធសាសនា​ក៏​ត្រូវ​បាន​គេសង្កេតឃើញផងដែរនៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី Pride Month ឆ្នាំ ២០១២ សហគមន៍ឥន្ទធនូកម្ពុជា (RoCK) បានរៀបចំពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា ដែលក្នុងនោះសហគមន៍ឥន្ទធនូមួយចំនួនធំប្រមូលផ្តុំគ្នានៅក្នុងវត្តមួយ រួមជាមួយដៃគូ និងក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងពិធីនោះ ព្រះសង្ឃ ឲ្យពរជ័យដល់អ្នកស្រឡាញ់ភេទដូចគ្នា ជាទូទៅអមជាមួយការប្រសិទ្ធពរ ជាមួយនឹងការទេសនាអំពីទំនាក់ទំនងរបស់ព្រះពុទ្ធសាសនាទៅនឹងការស្រឡាញ់ភេទដូចគ្នា (Meas, ២០១២)។

 

អត្ថបទនេះត្រូវបានកែប្រែពីគោលការណ៍សង្ខេបរបស់ខ្ញុំស្តីពីសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជា ដែលអាចអាននៅទីនេះ

コメント


ដើម្បីទទួលបានគំនិតផ្សេងៗ អានអត្ថបទទស្សនៈ សេចក្តីអត្ថាធិប្បាយ និងការសង្ខេបគោលនយោបាយនៅលើ "គំនិតរបស់ខ្ញុំ" ថ្ងៃនេះ។

សូមអរគុណសម្រាប់ការតភ្ជាប់។

សូមរង់ចាំមើលព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងដែលមានអត្ថបទទស្សនៈ និងអត្ថាធិប្បាយថ្មីៗ។ កុំភ្លេចពិនិត្យមើលប្រអប់សំបុត្ររបស់អ្នក!

bottom of page