top of page

ចំណងជើង៖ យុគសម័យឌីជីថលសម្រាប់យុវនារី និងកុមារីនៅកម្ពុជា

  • Writer: Soriya Theang
    Soriya Theang
  • Jun 8, 2024
  • 1 min read

Updated: Jun 25, 2024

women in digital world
Design with Microsoft

យុគសម័យឌីជីថលបាននាំមកនូវភាពជឿនលឿន និងឱកាសសំខាន់ៗ ប៉ុន្តែវាក៏បានបង្ហាញពីបញ្ហាប្រឈមថ្មីៗផងដែរ ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពអនឡាញ។ នៅក្នុងប្រទេសកម្ពុជា បញ្ហាប្រឈមទាំងនេះកាន់តែពិបាកនឹងព្រងើយកន្តើយ ដែលត្រូវបានសម្គាល់ដោយការកើនឡើងគួរឲ្យព្រួយបារម្ភនៃការយាយីតាមអ៊ីនធឺណិត និងការកេងប្រវ័ញ្ចលើកុមារ។


ស្រមៃថាបើអ្នកជានារីម្នាក់ដែលទឹមតែប្រឡូកចូលទៅក្នុង បណ្តាញសង្គម Facebook បន្ទាប់មកអ្នកឃើញសារជេរប្រមាថ និងឆ្លងកាត់បទពិសោធន៍នៃការលួចតាមដាន (stalking) ពីមនុស្សដែលអ្នកមិនស្គាល់។ នេះ​ជា​ការករណី​ពិត​សម្រាប់​២៦ ភាគរយនៃអ្នក​ប្រើ​អ៊ីនធឺណិតនៅ​កម្ពុជា ​ក្នុង​ឆ្នាំ ២០១៨ ដែល​ភាគច្រើន​ជា​ស្ត្រី​វ័យ​ក្មេង និង​កុមារី​អាយុ​ពី ១៥ ទៅ ៦៥ ឆ្នាំ។


បណ្តាញទំនាក់ទំនងសង្គមដែលជាកន្លែងសម្រាប់ធ្វើការទំនាក់ទំនង បែរក្លាយទៅជាកន្លែងគួរឲ្យក្លាចសម្រាប់មនុស្សជាច្រើន ដោយសារការវាយប្រហារតាមអ៊ីនធឺណិតដែលបានក្លាយជាការគំរាមកំហែងទូទៅបំផុត និងអាក្រក់បំផុត។


បណ្តាញសង្គម Facebook ដែលជាវេទិកាសម្រាប់ទំនាក់ទំនង ជារឿយៗក្លាយជាកន្លែងសម្រាប់ឧប្បត្តិហេតុដ៏គួរឱ្យសោកសៅទាំងនេះ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថាជិតពាក់កណ្តាលនៃករណីបៀតបៀនដែលត្រូវបានរាយការណ៍ត្រូវបានប្រព្រឹត្តដោយបុគ្គលដែលជនរងគ្រោះមិនស្គាល់។ ភាពអនាមិកនេះបានធ្វើឲ្យជនល្មើសងាយស្រួលក្នុងការប្រព្រឹត្តិការរំលោភបំពានលើអ៊ីនធឺណិត ដែលជាហេតុធ្វើឲ្យមានការរីករាលដាល និងពិបាកក្នុងការចាប់យជនល្មើស (LIRNEAsia, 2018)។


ករណីនៃការកេងប្រវ័ញ្ចលើកុមារ


បញ្ហា​សុវត្ថិភាព​លើ​អ៊ីនធឺណិត​របស់​កុមារ​កាន់​តែ​មានការកើនឡើងខ្លាំង​ជាង​មុន។ របាយការណ៍ឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាស្តីពីកុមារបានបង្ហាញឱ្យឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការរាយការណ៍ស្តីពីការចែកចាយរូបភាពឬវីដេអូនៃការរំលោភបំពានផ្លូវភេទលើកុមារ (ឬហៅជាភាសាអង់គ្លេសថា CSAM) គឺចំនួន ៤៩០% ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨


ចំនួនករណីដែលបានរាយការណ៍បានកើនឡើងពី ២៥,៣៣២ ក្នុងឆ្នាំ ២០១៧ ដល់ ១២៣,៨៩៦ ក្នុងរយៈពេលត្រឹមតែ ១១ ខែដំបូងនៃឆ្នាំ ២០១៨ ។ និន្នាការនេះបានបន្តកើនឡើងទៀតនៅឆ្នាំ ២០២១ ដោយយ៉ាងហោចណាស់មានការរាយការណ៍ចំនួន ៣០ ករណីនៃការកេងប្រវ័ញ្ចលើកុមារ និងការចែកចាយរូបភាពអាសអាភាសរបស់ក្មេងស្រី និងស្ត្រីវ័យក្មេងតាមរយៈប្រព័ន្ធអ៊ីនធឺណិតគិតនៅត្រឹមត្រីមាសទីមួយ។


ក្នុងឆ្នាំ ២០២០ មានករណីចំនួន ៦៤ ដែលពាក់ព័ន្ធនឹងករណីការចែកចាយរូបភាពឬវីដេអូនៃការរំលោភបំពានផ្លូវភេទលើកុមារ និងរូបភាពអាសអាភាស ដែលប្រព្រឹត្តិដោយជនល្មើសក្នុងស្រុក និងបរទេសក្នុងគោលបំណងដូចជា ការរួមភេទ ការបៀតបៀនផ្លូវភេទ និងទម្រង់ផ្សេងទៀតនៃការរំលោភបំពាន(APLE, 2020)។


ករណីដ៏អាក្រក់មួយដែលត្រូវបានស៊ើបអង្កេតដោយអង្គការ Action Pour Les Enfants (APLE) ពាក់ព័ន្ធនឹងគ្រូបង្រៀនម្នាក់ដែលបានបង្ខំក្មេងស្រីអាយុ ១៥ ឆ្នាំ ម្នាក់ ឱ្យផ្ញើរូបថតអាក្រាតកាយតាមប្រព័ន្ធ​អ៊ីនធឺណិត ហើយបន្ទាប់មកជំរិតទារប្រាក់ដោយគំរាមកំហែងបោះពុម្ពរូបភាពទាំងនោះ។


ក្នុងករណីមួយទៀត ក្មេងស្រីសាលាបឋមសិក្សាម្នាក់ត្រូវបានបង្ខិតបង្ខំឱ្យធ្វើសកម្មភាពផ្លូវភេទនៅលើកាមេរ៉ាដោយបុរសម្នាក់មកពីប្រទេសទួរគី ដែលបានទាក់ទងក្មេងស្រីតាមរយៈបណ្តាញទំនាក់ទំនងសង្គម (Li, 2021) ។


ដោយសារការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម និងការអប់រំតាមអ៊ីនធឺណិតកាន់តែរីករាលដាលក្នុងចំណោមយុវជននៅកម្ពុជា អ្នកជំនាញបារម្ភថា ករណីរំលោភបំពានលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតនឹងបន្តកើនឡើង។

លោក វ៉ាន់ ខេមរ៉េត អ្នកឯកទេសការពារកុមារពីអង្គការ Friends-International បានគូសបញ្ជាក់ថា កង្វះអក្ខរកម្ម និងក្រមសីលធម៌អ៊ីនធឺណិតរបស់កុមារ និងឪពុកម្តាយកំពុងធ្វើឱ្យបញ្ហាខាងលើកាន់តែធ្ងន់ធ្ងរឡើង (Taing, 2020)។ ឪពុកម្តាយជាច្រើននៅតែមិនដឹងអំពីផលប៉ះពាល់របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្គេមអនឡាញ និងបន្ទប់ជជែកកំសាន្ត លើជំនឿ និងការអនុវត្តផ្លូវភេទរបស់កូនពួកគេ (Baury, 2018)។


សុវត្ថិភាពអនឡាញនៅកម្ពុជា


នៅក្នុងប្រទេសកម្ពុជា ការយល់ដឹងអំពីសុវត្ថិភាពអនឡាញ គឺជាអាវុធមុខពីរ។ នៅក្នុងតំបន់ទីក្រុងដូចជាទីក្រុងភ្នំពេញ យុវជនដែលមានអាយុពី ១៥ ទៅ ៣៥ ឆ្នាំជាទូទៅយល់ពីសារៈសំខាន់នៃសុវត្ថិភាពតាមអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ស្តីពីសេដ្ឋកិច្ចឌីជីថលបានរកឃើញថាយុវជនភាគច្រើនបានសម្តែងការព្រួយបារម្ភអំពីការលួចចូល និងការបោកប្រាស់ដែលមានការកើនឡើង (Chan et al., 2021)។


​នៅ​​តំបន់​ជន​បទ​ រឿងរាវទាំងអស់នេះ​គឺ​ខុសស្រឡះ។ ការប្រើប្រាស់អ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការយល់ដឹងជាមូលដ្ឋានអំពីគ្រោះថ្នាក់តាមអ៊ីនធឺណិតនៅយឺតនៅឡើយ។ របាយការណ៍ឆ្នាំ ២០២០ របស់ UNDP គូសបញ្ជាក់ថា យុវជននៅតំបន់ជនបទមានជំនាញទាបជាងក្នុងការការពារប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធឌីជីថល ដូចជាការបោកប្រាស់ និងការបន្លំបើប្រៀបធៀបទៅនឹងជំនាញ ICT ផ្សេងទៀត (UNDP, 2020)។


ស្រមៃថាបើអ្នកជា​ក្មេង​ស្រី​ម្នាក់​នៅ​ភូមិ​ជន​បទ​កំពុងប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណិត​ជា​លើក​ដំបូង។ នាងបានប្រទះឃើញនិងចង់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលជាពិភពពោរពេញដោយអ្វីថ្មីៗ ប៉ុន្តែក៏សម្បូរទៅដោយគ្រោះថ្នាក់ដែលមើលមិនឃើញ។ បើគ្មានចំណេះដឹងត្រឹមត្រូវទេ នាងអាចប្រឈមមុខនឹងការបោកប្រាស់ និងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត។ ហើយនេះមិនមែនគ្រាន់តែជាសេណារីយ៉ូសម្មតិកម្មប៉ុណ្ណោះទេ វាគឺជាការពិតដ៏អាក្រក់សម្រាប់មនុស្សជាច្រើន។


នៅពេលដែលប្រទេសកម្ពុជាឈានចូលដល់យុគសម័យឌីជីថលដ៏ស្មុគស្មាញ ការដោះស្រាយបញ្ហាទាំងនេះ និងការលើកកម្ពស់ការអប់រំសុវត្ថិភាពតាមអ៊ីនធឺណិតគឺជារឿងសំខាន់។ ការការពារប្រជាជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារពីការគំរាមកំហែងដ៏រាលដាលនៃការយាយីតាមអ៊ីនធឺណិត និងការកេងប្រវ័ញ្ចទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់វិស័យនៃសង្គម។


តាមរយៈការលើកកម្ពស់ការយល់ដឹង ការកែលម្អអក្ខរកម្មឌីជីថល និងការធានានូវក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ប្រទេសកម្ពុជាអាចធ្វើការឆ្ពោះទៅរកបរិយាកាសអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់។


 

Commentaires


ដើម្បីទទួលបានគំនិតផ្សេងៗ អានអត្ថបទទស្សនៈ សេចក្តីអត្ថាធិប្បាយ និងការសង្ខេបគោលនយោបាយនៅលើ "គំនិតរបស់ខ្ញុំ" ថ្ងៃនេះ។

សូមអរគុណសម្រាប់ការតភ្ជាប់។

សូមរង់ចាំមើលព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងដែលមានអត្ថបទទស្សនៈ និងអត្ថាធិប្បាយថ្មីៗ។ កុំភ្លេចពិនិត្យមើលប្រអប់សំបុត្ររបស់អ្នក!

bottom of page