ចំណងជើង៖ វប្បធម៌នៃការអត់ឱនលើអំពើហិង្សាលើស្រ្តី
- Soriya Theang
- May 24, 2024
- 1 min read
Updated: Jun 25, 2024

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពើហឹង្សាលើស្ត្រី (VAW) បានក្លាយជាបញ្ហាដ៏ពេញនិយមនៅក្នុងបណ្តាញសង្គមនៅប្រទេសកម្ពុជា ដោយករណីជាច្រើនទទួលបានការចាប់អារម្មណ៍ជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជំនួសឱ្យការផ្តោតលើការថ្កោលទោសជនល្មើស ប្រតិកម្មរបស់សាធារណៈជុំវិញអំពើហឹង្សាលើស្ត្រី ជារឿយៗផ្តោតលើបញ្ហាផ្សេង។ ប្រជាជនកម្ពុជាមួយចំនួនបង្ហាញក្តីបារម្ភលើការបង្ហោះជាសាធារណៈនៃអំពើហឹង្សាលើស្ត្រីទាំងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាជាងអំពើហិង្សា ដែលបង្ហាញពីការអត់ឱន ឬអើពើលើអំពើហឹង្សាលើស្ត្រីនៅក្នុងសង្គម។
សាធារណៈភាពនៃអំពើហឹង្សាលើស្ត្រី
អត្ថបទថ្មីមួយដែលចុះផ្សាយដោយ Kiripost បានចុះពីករណីអំពើហឹង្សាលើស្ត្រី (VAW)ដែលបានកើតឡើងនៅពេលថ្មីនេះ និងបានបង្ហាញថាប្រជាជនកម្ពុជាមួយចំនួនមិនសប្បាយចិត្តចំពោះការការបង្ហោះជាសាធារណៈនូវខ្លឹមសារហិង្សាបែបនេះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ពលរដ្ឋខ្លះរិះគន់ការចែករំលែកហេតុការណ៍ទាំងនេះថាអាចធ្វើឲ្យខូចមុខមាត់ប្រទេស និងបង្កភាពចលាចលក្នុងសង្គម។
ឧទាហរណ៍ លោក រស់ សារ៉ុម អាយុ ៥៧ ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីបានសម្តែងការមិនពេញចិត្តចំពោះការចែករំលែកខ្លឹមសារហិង្សាដោយបញ្ជាក់ថា៖ «វាគ្មានន័យទេក្នុងការបង្ហោះខ្លឹមសារដ៏ឃោរឃៅនេះដល់សង្គម។ វាបង្ហាញពីភាពអនាធិបតេយ្យនៃការចែករំលែកខ្លឹមសារ ហើយវាជាគំរូអាក្រក់ដល់សង្គម។
លោក សារ៉ុម ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការបង្ហោះខ្លឹមសារបែបនេះអាចរារាំងជនបរទេសមកទស្សនាប្រទេសកម្ពុជា ដោយបារម្ភថាវាអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ និងវិស័យទេសចរណ៍។
ដោយរក្សាភាពឯកជនរបស់ជនរងគ្រោះ និងផ្តល់សញ្ញាព្រមានអំពីខ្លឹមសារហិង្សាដល់អ្នកមើល ការបង្ហោះជាសាធារណៈអំពីករណីអំពើហឹង្សាលើស្ត្រី ជាពិសេសសម្រាប់ស្ត្រីដែលជួបការលំបាក ដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យអាជ្ញាធរចាត់វិធានការ។ ព្រោះបើគ្មានការយកចិត្តទុកដាក់ពីសាធារណជន អាជ្ញាធរកម្រធ្វើអន្តរាគមន៍ណាស់។
របាយការណ៍របស់អង្គការលីកាដូឆ្នាំ ២០១៧ បានគូសបញ្ជាក់ពីករណីអយុត្តិធម៌ជាច្រើននៅក្នុងករណីអំពើហឹង្សាលើស្រ្តី។ ក្នុងឧទាហរណ៍មួយ ប្ដីបានព្យាយាមកាត់បំពង់កប្រពន្ធ ករណីមួយទៀត ប្តីបានបាញ់ប្រពន្ធស្លាប់នៅនឹងកន្លែង។ ជនដៃដល់ទាំងពីរត្រូវបានចោទប្រកាន់ពីបទហឹង្សាលើប្តីប្រពន្ធ ដែលផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ជាជាងការប៉ុនប៉ងមនុស្សឃាត ដែលត្រូវផ្តន្ទាទោសពី ១០ ទៅ ១៥ ឆ្នាំ តាមក្រមព្រហ្មទណ្ឌ។
ករណីទាំងនេះបង្ហាញពីការខ្វះការទទួលខុសត្រូវ និងការភ័ន្តច្រឡំលើច្បាប់ដែលអាចអនុវត្តបាន។ បន្ថែមពីនេះ ករណីទាំងនេះក៏មិនបានដឹងលឺជាសាធារណៈផងដែរ បើទោះបីជាមានការផ្ដន្ទាទោសស្រាលក៏ដោយ។ ដូច្នេះហើយករណីទាំងនេះមិនបានទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរដែលអាចជំរុញឱ្យមានការពិនិត្យឡើងវិញលើការកាត់ទោសទាំងនេះទេ។
វប្បធម៌នៃការអត់ឱនលើអំពើហិង្សាលើស្រ្តី
បទដ្ឋានវប្បធម៌ និងតួនាទីយេនឌ័រដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានការអត់ឱន ឬអើពើទៅលើអំពើហិង្សាលើស្ត្រីនៅកម្ពុជា។
ស្ត្រីកម្ពុជាជាញឹកញាប់ត្រូវបានគេរំពឹងថាប្រកាន់ខ្ជាប់នូវអាកប្បកិរិយា សុភាពរាបសារ ស្តាប់ឪពុកម្តាយនិងប្តី និងធ្វើជាប្រពន្ធល្អ។ ការរំពឹងទុកនេះបានរារាំងវត្តមានជាសាធារណៈរបស់ពួកគេ និងឯករាជ្យលើសេដ្ឋកិច្ច ដោយកាត់បន្ថយសំឡេងរបស់ពួកគេនៅក្នុងបញ្ហាសង្គម។
ចំណែកឯបុរសវិញ ពួកគេត្រូវបានគេយល់ថាជាអ្នករកស៊ីចិញ្ចឹមចម្បង និងជាឥស្សរជនក្នុងគ្រួសារ។ រចនាសម្ព័ន្ធអយ្យកោនេះផ្តល់ឱ្យបុរសនូវការគ្រប់គ្រងលើការសម្រេចចិត្តក្នុងគ្រួសារ និងសង្គម ដោយពង្រឹងការគ្រប់គ្រង និងអំណាចរបស់ពួកគេលើស្ត្រី។
ហើយអំពើហឹង្សាជារឿយៗត្រូវបានគេមើលឃើញថាជាការពង្រីកសិទ្ធិអំណាចបុរស និងជាមធ្យោបាយនៃការគ្រប់គ្រងក្នុងគ្រួសារ ដែលនាំទៅរកការធ្វើឱ្យមានការអត់ឱន ឬអើពើទៅលើអំពើហិង្សាលើស្ត្រី ដែលការត្រួតត្រារបស់បុរស និងភាពខ្សោយរបស់ស្ត្រីត្រូវបានរំពឹងទុក និងទទួលយក។
ការទទួលយកវប្បធម៌នៃការត្រួតត្រារបស់បុរស និងភាពជាស្ត្រីក្រោមបង្គាប់ក៏រួមចំណែកដល់អាកប្បកិរិយាសង្គមដែលបង្ហាញអំពីការទទួលយករបស់សង្គមចំពោះអំពើហិង្សាលើស្ត្រី (VAW)។ ស្ត្រីដែលទទួលរងអំពើហិង្សាច្រើនតែត្រូវបានគេស្តីបន្ទោសចំពោះការបង្កអំពើហិង្សា។
ជាក់ស្តែង នៅក្នុងករណីអំពើហិង្សាក្នុងគ្រួសារដែលប្ដីវាយប្រពន្ធដោយវាយនិងដាល់ ដែលត្រូវបានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជនរងគ្រោះដែលជាប្រពន្ធត្រូវបានសង្គមបណ្តាញសង្គមមួយចំនួនស្តីបន្ទោសពីការបង្កឱ្យមានអំពើហិង្សា។ ហើយវប្បធម៌ស្តីបន្ទោសជនរងគ្រោះនេះ បានបង្អាក់ស្ត្រីមិនឲ្យនិយាយចេញ ឬស្វែងរកជំនួយ។
អ្នកប្រើហ្វេសប៊ុកម្នាក់បាននិយាយថា៖ «វាមកពីនាងធ្វើមុខឌឺ»។ ម្នាក់ទៀតនិយាយថា៖ «ហេតុអ្វីបានជានាងអង្គុយនៅទីនោះទុកឲ្យគេវាយនាង»។
បន្ថែមពីនេះទៀត គឺបញ្ហានៃ "ភាពឯកជននៃបញ្ហាក្នុងផ្ទះ" ។ ក្នុងច្បាប់ស្រី មានឃ្លាមួយនិយាយថា «កុំយកបញ្ហាខាងក្រៅមកក្នុងផ្ទះ ហើយកុំយកបញ្ហាខាងក្នុងទៅក្រៅផ្ទះ»។ ស្ត្រីត្រូវបានបង្រៀនឱ្យទទួលយកនិងបិទមាត់ ទោះបីជាមានបញ្ហា និងអំពើហិង្សាដែលពួកគេបានជួបប្រទះក៏ដោយ។
បទដ្ឋានវប្បធម៌ខាងលើនេះបង្អាក់ការអន្តរាគមន៍ពីខាងក្រៅ និងអនុញ្ញាតឱ្យអំពើហិង្សាក្នុងគ្រួសារបន្តកើតឡើងនៅខាងក្រោយវាំងននដែលគ្មានអ្នកណាដឹង។
គំនិតចុងក្រោយ
ការការបង្ហោះជាសាធារណៈនូវករណីបែបនេះ ដោយរក្សាភាពឯកជនរបស់ជនរងគ្រោះ និងផ្តល់សញ្ញាព្រមានអំពីខ្លឹមសារហិង្សាដល់អ្នកមើល គឺជាជំហានចាំបាច់មួយឆ្ពោះទៅរកការទទួលស្គាល់ និងដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តី។
ការពិភាគសារជាសាធារណៈនិងបើកចំហ ប្រកបដោយការស្ថាបនាអំពីអំពើហិង្សាលើស្រ្តី អាចជួយបំបែកភាពស្ងៀមស្ងាត់ និងការមាក់ងាយជុំវិញបញ្ហានេះ ដោយជំរុញឱ្យមានការឆ្លើយតបរបស់សហគមន៍ដែលមានការគាំទ្រ និងសកម្មជាងមុន។
តាមរយៈការផ្លាស់ប្តូរឥរិយាបទសង្គម និងការលើកទឹកចិត្តដល់ការនិយាយជាសាធារណៈ ប្រទេសកម្ពុជាអាចឈានឆ្ពោះទៅអនាគតមួយដែលអំពើហិង្សាលើស្ត្រីលែងត្រូវបានអត់ឱន ឬអើពើតទៅទៀត។
Comments