ចំណងជើង៖ ការផ្តោតលើរូបរាងជាងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យកីឡា
- Soriya Theang
- Aug 5, 2024
- 1 min read

នៅក្នុងពិភពកីឡា អត្តពលិកនារីតែងតែត្រូវបានទស្សនិកជនវាយតម្លៃ មិនត្រឹមតែលើសមត្ថភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏លើរូបរាងសម្រស់របស់ពួកគេផងដែរ។ ការវាយតម្លៃនេះបានមើលរំលងសមិទ្ធិផលនិងការលះបង់របស់ពួកគេក្នុងនាមជាអត្តពលិក ហើយបែរជាសង្កត់ធ្ងន់ទៅលើសម្រស់របស់ពួកគេទៅវិញ។
ករណីគួរឱ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងអត្តពលិកនារីដូចជា Simone Biles និង Kim Yeji ជាឧទាហរណ៍នៃការវាយតម្លៃខាងលើ នៅក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ ការនេះបានបង្ហាញពីភាពខុសគ្នានៃរបៀបដែលអត្តពលិកនារីត្រូវបានគេវាយតម្លៃ បើប្រៀបធៀននឹងបុរស។
អត្ថបទអត្ថាធិបាយនេះនឹងស្វែងយល់ពីស្តង់ដារទ្វេរដង (Double Standards) នៅក្នុងវិស័យសារព័ត៌មានកីឡា និងការយល់ឃើញរបស់សាធារណៈជន ដោយគូសបញ្ជាក់ពីរបៀបដែលអត្តពលិកនារីដែលតែងតែត្រូវបានគេវិនិច្ឆ័យដោយផ្អែកលើរូបរាងរបស់ពួកគេជាជាងជំនាញ និងសមិទ្ធិផលរបស់ពួកគេ។ យើងក៏គូសបញ្ជាក់ផងដែរអំពីតម្រូវការក្នុងការផ្លាស់ប្តូរការវិនិច្ឆ័យបែប ដើម្បីឆ្ពោះទៅរកការអបអរសាទរសមិទ្ធផលកីឡា។
Simone Biles
Simone Biles ដែលជាអត្តពលិកនារីកីឡាកាយសម្ព័ន្ធជនជាតិអាមេរិចដ៏មានឈ្មោះល្បីម្នាក់ បានប្រឈមមុខនឹងការរិះគន់ដែលមិនគួរឲ្យកើតមានសោះ នៅក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស ។ ជំនួសឱ្យការសរសើរតែចំពោះសមិទ្ធផលកីឡារបស់នាង Biles ត្រូវបានរិះគន់ចំពោះសក់របស់នាង។
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរិះគន់លើសក់ របស់នាងថា "រញ៉េរញ៉ៃ" ដោយមើលរំលងលើការសម្តែងកីឡាកាយសម្ព័ន្ធជាប្រវត្តិសាស្ត្ររបស់នាង។ មនុស្សម្នាក់បានបង្ហោះសារលើ X (ពីមុនគេស្គាល់ថា Twitter) ថា "ខ្ញុំគ្រាន់តែព្យាយាមស្វែងយល់ថាហេតុអ្វីបានជាសក់ Simone Biles ដូចជាមិនដែលសិត? ខ្ញុំនៅតែស្រលាញ់នាង ហើយសង្ឃឹមថានាងនឹងជ្នះ!” ។
ការផ្តោតទៅលើសក់របស់ Biles គឺជាឧទាហរណ៍នៃបញ្ហាដ៏ធំមួយគឺ៖ ទំនោរក្នុងការពិនិត្យមើលរូបរាងរបស់អត្តពលិកនារីជាជាងជំនាញអត្តពលិករបស់ពួកគេ។
ការសង្កត់ធ្ងន់លើរូបរាងនេះមិនត្រឹមតែធ្វើឲ្យយើងមើលរំលងសមិទ្ធិផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តដំណើរការនូវគំរូដែលឥទ្ធិពលមិនល្អផងដែរ។ ក្នុងករណីរបស់ Biles សក់របស់នាងបានក្លាយជាប្រធានបទនៃការសន្ទនាមួយដែលមិនទាក់ទងនឹងសមត្ថភាពអត្តពលិករបស់នាងក្នុងនាមជាអត្តពលិកនារីសោះ។ វាជាការរំលឹកយ៉ាងច្បាស់អំពីស្តង់ដារពីរដែលបន្តមានក្នុងកីឡា ដែលអត្តពលិកនារីត្រូវបានគេរិះគន់ជាញឹកញាប់ដោយភាពអយុត្តិធម៌។
Kim Yeji
រីឯអត្តពលិកនារីក្នុងកីឡាបាញ់កាំភ្លើងខ្លី ជនជាតិកូរ៉េ Kim Yeji បានទទួលការចាប់អារម្មណ៍ខុសគ្នា។ ខណៈពេលដែលកំពុងប្រកួតប្រជែងក្នុងការប្រកួតបាញ់កាំភ្លើងខ្លី 10 ម៉ែត្រនៅក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស Yeji មិនត្រឹមតែបង្ហាញពីជំនាញគួរឱ្យកត់សម្គាល់របស់នាងតែប៉ុណ្ណោះទេ ថែមទាំងសម្រាប់រូបរាង "ឡូយ" របស់នាងផងដែរ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ។
ការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនបានគូសបញ្ជាក់ពីភាពទាក់ទាញផ្នែកសោភ័ណភាពរបស់នាង ដែលជួនកាលបានមើលរំលងលើសមិទ្ធិផលជាក់ស្តែងរបស់នាង។ ទម្រង់នៃការយកចិត្តទុកដាក់នេះ ទោះបីជាមើលទៅហាក់ដូចជាវិជ្ជមានក៏ដោយ នៅតែគូសបញ្ជាក់ការផ្តោតសំខាន់បញ្ហាលើរូបរាងចំពោះអត្តពលិកនារី។
ជំនួសឱ្យការអបអរសាទរចំពោះស្នាដៃកីឡារបស់ Yeji តែម្នាក់ឯង - ដូចជាការទទួលបានមេដាយមាស - អ្នកអត្ថាធិប្បាយក៏បានសរសើរស្ទីលរបស់នាងផងដែរ។ ការផ្តោតអារម្មណ៍ទ្វេរលើទាំងរូបរាង និងជំនាញរបស់នាង បង្ហាញពីទម្រង់នៃភាពលំអៀងទៅលើអត្តពលិកនារី។
ផលប៉ះពាល់ទូលំទូលាយ៖
ករណីទាំងពីរនេះមិនមែនត្រឹមតែកើតឡើងនោះទេ។ នៅក្នុងកីឡាផ្សេងៗទៀត អត្តពលិកនារីត្រូវបានគេរិះគន់ទាក់ទងនឹងការស្លៀកពាក់ ស្ទីលម៉ូដសក់ និងរូបរាងទាំងមូល ដែលអត្តពលិកបុរសកម្រជួបប្រទះ។
ស្តង់ដារទ្វេរនេះ ត្រូវបានគេឃើញទាំងនៅក្នុងវិស័យសារព័ត៌មានកីឡា និងនៅក្នុងចំណោមសាធារណៈជន ដែលអត្តពលិកស្ត្រីត្រូវបានវាយតម្លៃជាញឹកញាប់តាមរយៈរូបរាងរាងកាយរបស់ពួកគេ។ ខណៈពេលដែលអត្តពលិកបុរសត្រូវបានគេវាយតម្លៃលើជំនាញរបស់ពួកគេ អត្តពលិកនារីតែងតែត្រូវបានគេវាយតម្លៃលើរូបរាង សម្លៀកបំពាក់ និងសូម្បីតែស្ទីលម៉ូដសក់របស់ពួកគេ។
ការត្រួតពិនិត្យបែបនេះអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយ។
ទីមួយ វាអាចបង្អាក់ដល់ការទទួលស្គាល់ និងការសារទរលើសមិទ្ធិផលរបស់ពួកគេ ដែលធ្វើឱ្យវាពិបាកសម្រាប់អត្តពលិកសនារីក្នុងការបង្ហាញពីសមត្ថភាពរបស់ពួកគេ។ លើសពីនេះទៀត ការផ្តោតអារម្មណ៍លើរូបរាងនេះអាចប៉ះពាល់ដល់អត្តពលិកខ្លួនឯង ដែលនាំឱ្យមានដាក់សម្ពាធ ហើយក្នុងករណីខ្លះបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។
ការវិនិច្ឆ័យឥតឈប់ឈរដោយផ្អែកលើរូបរាងជាជាងជំនាញអាចបំផ្លាញទំនុកចិត្ត និងបង្វែរការផ្តោតសំខាន់របស់ពួកគេនោះគឺ៖ ការប្រកួតប្រជែងក្នុងកីឡារបស់ពួកគេ។
ការសន្និដ្ឋាន៖
បទពិសោធន៍របស់ Simone Biles និង Kim Yeji គូសបញ្ជាក់ពីបញ្ហាដែលរីករាលដាលនៅក្នុងវិស័យកីឡាគឺ៖ ការផ្តោតអារម្មណ៍ហួសហេតុលើរូបរាងរបស់អត្តពលិកនារី ជាជាងស្នាដៃរបស់ពួកគេ។ ស្តង់ដារទ្វេរនេះមិនត្រឹមតែអយុត្តិធម៌ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់វឌ្ឍនភាពរបស់អត្តពលិកនារីផងដែរ។
ដើម្បីទប់ទល់នឹងភាពលំអៀងទាំងនេះ វាជារឿងសំខាន់ក្នុងការផ្លាស់ប្តូរការវិនិច្ឆ័យលើរូបរាងកាយបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអត្ថាធិប្បាយកីឡាគួរតែផ្តល់អាទិភាពលើជំនាញ ការយកចិត្តទុកដាក់ និងសមិទ្ធិផលរបស់អត្តពលិកនារីជាជាងរូបរាងរបស់ពួកគេ។ អ្នកគាំទ្រ និងអ្នកមើលក៏មានតួនាទីក្នុងការផ្លាស់ប្តូរនេះដែរ។ តាមរយៈការជ្រើសរើសដោយមនសិការដើម្បីគាំទ្រអត្តពលិកនារីសម្រាប់ទេពកោសល្យរបស់ពួកគេ សាធារណជនអាចជួយកែប្រែការវិនិច្ឆ័យលើរូបរាងចំពោះអត្តពលិកនារីឡើងវិញ។
តាមរយៈការផ្លាស់ប្តូរនេះ និងការអបអរសាទរអត្តពលិកនារីទៅលើជំនាញ និងសមិទ្ធិផលរបស់ពួកគេ យើងអាចជំរុញឱ្យមានវប្បធម៌កីឡាដែលរួមបញ្ចូល និងគោរពកាន់តែច្រើន។ សូមអបអរសាទរចំពោះសមត្ថភាពដ៏ខ្លាំងរបស់អត្តពលិកនារី ហើយធ្វើឱ្យសមិទ្ធផលរបស់ពួកគេ មិនមែនរូបរាងរបស់ពួកគេកំណត់អត្តសញ្ញាណរបស់ពួកគេ។
Comentarios