top of page

ចំណងជើង៖ សាធារណៈជននិងប្រព័ន្ធតុលាការ នៅក្នុងអំពើហិង្សាលើស្រ្តី

  • Writer: Soriya Theang
    Soriya Theang
  • Jul 2, 2024
  • 1 min read
A broken judicial system
Design with Microsoft

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជា យើងបានឃើញករណីហិង្សាលើស្រ្តីជាច្រើន ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងរដ្ឋាភិបាល។ ការយកចិត្តទុកដាក់របស់សាធារណជនទាំងនេះបង្កើនក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពដ៏សំខាន់ឆ្ពោះទៅរកសមភាពយេនឌ័រ។


ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការចាប់អារម្មណ៍ពីសាធារណជនធ្លាក់ចុះ សន្ទុះនៃការផ្លាស់ប្តូរទៅរកសមភាពយេនឌ័ក៏ធ្លាក់ចុះរផងដែរ។


នេះចោតជាសំណួរមួយថា៖ តើចំណាប់អារម្មណ៍របស់សាធារណជនដែលមានការផ្លាស់ប្តូរឡើនដូច្នេះ ពិតជាអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពយូរអង្វែងឆ្ពោះទៅរកសមភាពយេនឌ័រដែរឬទេ?


ចំណាប់អារម្មណ៍របស់សាធារណជន និងការស្វែងរកយុត្តិធម៌


នៅក្នុងករណីហិង្សាលើស្រ្តីដែលបានកើតឡើងនៅក្នុងសង្គមកន្លងមកនេះ ចំណាប់អារម្មណ៍សាធារណៈចំពោះករណីខាងលើបានផ្លាស់ប្តូរយ៉ាងខ្លាំង ពីការខឹងសម្បារយ៉ាងខ្លាំងទៅជាការព្រងើយកន្តើយមិនយកចិត្តទុកដាក់ទាំងស្រុង។ ចំណុចនេះ ធ្វើឱ្យវាពិបាកក្នុងការសម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រ ប្រកបដោយនិរន្តរភាព។


ការស្រែកតវ៉ាជុំវិញករណីហិង្សាលើស្រ្តីទាំងនេះជារឿយៗ នាំទៅរកចំណាត់ការបណ្តោះអាសន្នរបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលដែលការយកចិត្តទុកដាក់របស់សាធារណៈជនរលត់ទៅ បញ្ហាជាប្រព័ន្ធនេះនៅតែមិនអាចដោះស្រាយបាន ហើយជនល្មើសតែងតែគេចខ្លួនដោយមានការផ្តន្ទាទោសតិចតួច ឬគ្មាន។


ជាឧទាហរណ៍ ដូចជាករណី ហេង សៀរ, ឌួង ឆាយ, និង សុខ ប៊ុន។

ករណី​នីមួយៗ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយសារព័តមាន និងបណ្តាញសង្គម ដែល​បង្ក​ឱ្យ​មានការ​ផ្ទុះ​កំហឹង និង​អំពាវនាវ​រក​យុត្តិធម៌ឲ្យជនរងគ្រោះ។ ប៉ុន្តែនៅពេលដែលការយកចិត្តទុកដាក់របស់សាធារណជនថយចុះ អន្តរាគមន៍របស់មន្ត្រីជាប់ពាក់ពន្ធ័ក៏ថយចុះដែរ ដែលជាហេតុធ្វើឱ្យប្រព័ន្ធតុលាការមិនមានការទទួលខុសត្រូវបាន មានភាពមិនច្បាស់លាស់ និងខ្វះឯករាជ្យភាពក្នុងការផ្តន្ទាទោសលើអំពើហិង្សាលើស្ត្រី។


ក្នុងសំណុំរឿងរបស់ មាស ពេជ្ររីតា ខណៈពេលដែលតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទចោរកម្មលើពេជ្ររីតា យើងនៅតែមិនទាន់ដឹងថា ហេង សៀរ នឹងប្រឈមមុខនឹងការកាត់ទោសចំពោះការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភឬយ៉ាងណានោះទេ។ កង្វះនៃការតាមដាននេះគឺមិនមែនគ្រាន់តែជាការខកចិត្ត ប៉ុន្តែវាគឺជាការបង្ហាញពីបញ្ហានៅក្នុងប្រព័ន្ធតុលាការកម្ពុជា ដែលសំណុំរឿងដែលមានទាក់ទងនឹងឧកញ៉ាជារឿយៗ ត្រូវបានអូសបន្លាយ នៅពេលដែលសម្ពាធសាធារណៈធ្លាក់ចុះ។


ចំណែក​ ឌួង ឆាយ ត្រូវ​បាន​ដកហូត​តំណែង​ឧកញ៉ា ប៉ុន្តែ​បាន​គេច​ពី​ការ​សាកសួរ​របស់​ប៉ូលិស បន្ទាប់​ពី​បាន​បួស​ជា​ព្រះសង្ឃ​មួយ​រយៈ​ខ្លី។ ការនេះមិនត្រឹមតែអនុញ្ញាតឱ្យឌួង ឆាយ អាចរត់គេចពីសំណាញ់ច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូសបញ្ជាក់ពីចន្លោះប្រហោងក្នុងប្រព័ន្ធតុលាការដែលអាចឱ្យបុគ្គលដែលមានអំណាចអាចគេចផុតពីយុត្តិធម៌។


រហូតមកដល់ថ្ងៃនេះ ស្ថានភាពនៃការស៊ើបអង្កេតរបស់ឌួង ឆាយនៅតែមិនទាន់ដឹងនៅឡើយ សូម្បីតែអាជ្ញាធរពាក់ព័ន្ធ ដូចជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាននិយាយថា ពួកគេមិនបានដឹងពីស្ថានភាពនៃសំណុំរឿងនេះទេ ដោយសារវានៅជាមួយតុលាការ។


នៅក្នុងករណីរបស់ សុខ ប៊ុន វិញ គាត់ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ ប៉ុន្តែ​ក្នុងនោះ ១០ ខែ​ត្រូវ​បាន​ព្យួរ។ ភាពយឺតយ៉ាវទាំងនេះ ផ្ញើសារដ៏គួរឲ្យព្រួយបារម្ភអំពីការដែលប្រព័ន្ធតុលាការកម្ពុជា ចាត់វិធានការចំពោះអំពើហិង្សាលើស្ត្រី។


វាបង្ហាញថាការស្រែកតវ៉ាជាសាធារណៈអាចបង្កឱ្យមានការឆ្លើយតបពីអ្នកពាក់ព័ន្ធ ប៉ុន្តែបើគ្មានសម្ពាធរបស់សាធារណៈជនតទៅទៀតទេ ប្រព័ន្ធតុលាការកម្ពុជានឹងត្រឡប់ទៅធូររលុងវិញ។


សេចក្តីសន្និដ្ឋាន៖


ប្រព័ន្ធតុលាការរបស់យើងជារឿយៗហាក់ដូចជាធ្វើសកម្មភាពតែនៅពេលដែលត្រូវបានបញ្ជាឱ្យធ្វើដូច្នេះ។ ដោយ​ទទួល​ស្គាល់​និន្នាការ​នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ហៅប្រព័ន្ធតុលាការកម្ពុជាថា​ជា


"តុលាការដែលគ្រប់គ្រងពីចម្ងាយ។"

ភាពស្រដៀងគ្នានេះគូសបញ្ជាក់ពីកង្វះស្វ័យភាព និងការទទួលខុសត្រូវពិតប្រាកដនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ នៅពេលដែលការយកចិត្តទុកដាក់ជាសាធារណៈធ្លាក់ចុះ តុលាការដែលគ្រប់គ្រងពីចម្ងាយនេះទុកឱ្យជនល្មើសមិនទទួលបានការផ្តន្ទាទោស ឬទទួលបានការកាត់ទោសតិច។


ការនេះ​បង្ហាញ​ពី​កំហុស​ដ៏​សំខាន់​មួយ​ក្នុង​របៀប​ដែល​បញ្ហា​ហិង្សាលើស្រ្តី​ត្រូវ​បាន​ដោះស្រាយ​នៅ​កម្ពុជា។ 

ការពឹងផ្អែកលើកំហឹងសាធារណៈដើម្បីជំរុញសកម្មភាពតុលាការគឺមិនមាននិរន្តរភាព ឬយុត្តិធម៌នោះទេ។ វា​ដាក់បន្ទុក​ដល់​សាធារណជន​ក្នុង​ការ​តាមដាន​និង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការជា​ប្រចាំ ជាជាង​ការ​ធានា​ថា​ប្រព័ន្ធ​តុលាការខ្លួន​ឯង​អាច​រក្សា​យុត្តិធម៌​ដោយ​ឯករាជ្យ។


យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា៖ តើ​យើង​អាច​បង្កើត​ការ​ទាមទារ​យុត្តិធម៌ និង​ទំនួល​ខុស​ត្រូវ​ដែល​មិន​រសាយ​ទៅ​តាម​លំហូរនៃ​ព័ត៌មាន​ដោយ​របៀប​ណា? មាន​តែ​ពេល​នោះ​ទេ​ដែល​យើង​សង្ឃឹម​ថា​នឹង​ឃើញ​ការ​រីក​ចម្រើន​ពិត​ប្រាកដ​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ​នៅ​កម្ពុជា។

Comments


ដើម្បីទទួលបានគំនិតផ្សេងៗ អានអត្ថបទទស្សនៈ សេចក្តីអត្ថាធិប្បាយ និងការសង្ខេបគោលនយោបាយនៅលើ "គំនិតរបស់ខ្ញុំ" ថ្ងៃនេះ។

សូមអរគុណសម្រាប់ការតភ្ជាប់។

សូមរង់ចាំមើលព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងដែលមានអត្ថបទទស្សនៈ និងអត្ថាធិប្បាយថ្មីៗ។ កុំភ្លេចពិនិត្យមើលប្រអប់សំបុត្ររបស់អ្នក!

bottom of page