ចំណងជើង៖ អាជីវករក្នុងវិស័យថែរក្សា និងកែសម្ផស្សតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា
- Soriya Theang
- Jul 17, 2024
- 1 min read

អាជីវករលក់ផលិតផលថែរក្សា និងកែសម្ផស្សតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានជះឥទ្ធិពលដោយពីសម្ពាធសង្គម និងការបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសង្កត់ធ្ងន់លើនិយមន័យតូចចង្អៀតនៃស្តង់ដារសម្រស់។
ឥទ្ធិពលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈផលិតផលថែរក្សាសម្រស់ដែលអាជីវករបានជ្រើសរើសមកដាក់លក់ ដែលរួមបញ្ចូល ចាប់ពីផលិតផលធ្វើឱ្យស្បែកស ដល់ថ្នាក់ផឹកថ្នាំសម្រាប់សម្រកទម្ងន់ ដែលស្របតាមស្តង់ដារសម្រស់ ដែលកំពុងពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សកម្មភាពទាំងនេះកំពុងជំរុញដំណើរការនៃការអនុវត្តស្តង់ដារសម្រស់ដែលមិនមានផាសុខភាព ដែលប៉ះពាល់ទាំងអ្នកលក់ និងអ្នកប្រើប្រាស់។
ផលប៉ះពាល់លើអ្នកលក់និងទិញ តាមប្រពន្ធ័អ៊ីនធឺណិត
សម្ពាធសង្គម និងការបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយពីស្តង់ដារសម្រស់ទាំងអស់នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រាងស្តង់ដារសម្រស់។ នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក ប្រព័ន្ធផ្សព្វផ្សាយសង្គមជារឿយៗបង្ហាញពីស្តង់ដារសម្រស់ដូចជា ស្បែកសស្អាត រាងស្លីម និងលក្ខណៈរាងកាយជាក់លាក់ផ្សេងទៀតថាជាតំណាងនៃភាពស្រស់ស្អាត។
ស្តង់ដារសម្រស់ដ៏តូចចង្អៀតទាំងនេះ ត្រូវបានបន្តផ្សព្វផ្សាយតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ រួមទាំងការផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការរីករាលដាលទាំងនេះបានជះឥទ្ធិពលលើការយល់ឃើញ និងយុទ្ធសាស្ត្រអាជីវកម្ម របស់អាជីវករលក់ផលិតផលថែរក្សា និងកែសម្ផស្ស ចំពោះស្តង់ដារសម្រស់។
ជាឧទាហរណ៍ អ៊ី រីយ៉ា មកពីខេត្តកំពង់ស្ពឺ។ រីយ៉ាបានចាប់ផ្តើមមុខជំនួញលក់ក្រែមចម្រុះ សេរ៉ូម និងថ្នាំសម្រករាងតាមហ្វេសប៊ុក។ រីយ៉ា ខ្លួនឯងបានប្រើផលិតផលធ្វើឲ្យស្បែកសអស់រយៈពេល ៣ ខែ ហើយឃើញពីសក្ដានុពលនៃប្រាក់ចំណេញក្នុងទីផ្សារគ្រឿងសម្អាង។ ហេតុនេះបានជំរុញឱ្យរីយ៉ាបើកអាជីវកម្មលក់ផលិតផលថែរក្សា និងកែសម្ផស្ស ដោយស្វែងរកផលិតផលថែរក្សាសម្រស់ជាច្រើនពីអ្នកលក់ម្នាក់ទៀត។ កញ្ញាបានប្រាប់VODនៅឆ្នាំ ២០២០ថា៖
«ខ្ញុំពន្យល់អតិថិជនពីរបៀបប្រើប្រាស់ផលិតផល ថាបន្ទាប់ពីពួកគេងូតទឹក ពួកគេគួរតែប្រើឡេនេះ។ វានឹងជួយជម្រុះកោសិកាចាស់ចេញសម្រាប់ឲ្យសម្រាប់កោសិកាថ្មីដុះ។ បន្ទាប់មកស្បែកនឹងប្រែមកសវិញ»។
ករណី រីយ៉ា ជាឧទាហរណ៍មួយដែលបង្ហាញថា អាជីវករលក់ផលិតផលថែរក្សា និងកែសម្ផស្សបានដើរតួរជាអ្នកប្រើប្រាស់ និងអ្នកបញ្ជ្រាបស្តង់ដារសម្រស់ដែលមិនមានផាសុខភាពមួយចំនួន ដូចជាការធ្វើឱ្យស្បែកស។ បន្ថែមពីនេះទៀត ក្នុងនាមជាអ្នកបញ្ចៀប និងអ្នកអនុវត្ត អាជីវករទាំងនេះក៏ទទួលរងនូវផលប៉ះពាល់នៃស្តង់ដារសម្រស់ដែលពួកគេកំពុងបន្តបញ្ជ្រាបផងដែរ។
សេចក្តីសន្និដ្ឋាន
សម្ពាធក្នុងការ អនុវត្តតាមស្តង់ដារទាំងនេះអាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកលក់ខ្លួនឯងផ្ទាល់ ដោយសារពួកគេខិតខំថែរក្សាសម្រស់របស់ពួកគេទៅតាមការរំពឹងទុកដែលដាក់មកលើពួកគេ ទាំងអតិថិជនរបស់ពួកគេ និងវិស័យឧស្សាហកម្មថែរក្សាសម្រស់ទាំងមូល។
រស់ សុជាតា បុគ្គលិកហាងសម្លៀកបំពាក់នារីមួយរូប បានរៀបរាប់ពីអារម្មណ៍អវិជ្ជមានចំពោះខ្លួនថា៖
«ពេលខ្លះខ្ញុំអាណិតខ្លួនឯងព្រោះខ្ញុំមិនបានកើតមកមានច្រមុះស្រួច ឬស្បែកស។ មិត្តភ័ក្តិរបស់ខ្ញុំតែងតែលេងសើច និងចំអកឱ្យខ្ញុំអំពីច្រមុះធំរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្មាស់អៀន និងគិតចង់ធ្វើការវះកាត់កែសម្ផស្ស»។
ដូច្នេះ សម្ពាធដើម្បីអនុវត្តទៅតាមស្តង់ដារសម្រស់ទាំងនេះអាចបណ្តាលឱ្យមានភាពតានតឹង ការថប់អារម្មណ៍ និងការមិនពេញចិត្តចំពោះរូបរាងរបស់ពួកគេ។ អ្នកលក់ផលិតផលថែរក្សាសម្រស់តាមប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាអ្នកចូលរួមដោយមិនដឹងខ្លួននៅក្នុងការដែលមិនត្រឹមតែប៉ះពាល់ដល់អតិថិជនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ខ្លួនឯងទៀតផង។
នៅពេលដែល ឧស្សាហកម្មថែរក្សានិងកែសម្ផស្សតាមប្រពន្ធ័អ៊ីនធឺណិតនៅកម្ពុជាមានការរីកចម្រើន ប្រទេសកម្ពុជាគួរតែបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការជំរុញឲ្យមានបរិយាកាសតាមប្រពន្ធ័អនឡាញដែលមានផាសុខភាពល្អ និងមានភាពចម្រុះ និងផ្តល់អាទិភាពដល់ការយល់ដឹង និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត៕
ដើម្បីដោះស្រាយបញ្ហាទាំងនេះ វាមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាក្នុងការទទួលយក និងអបអរសាទរ ស្តង់ដារសម្រស់ដែលមានភាពចម្រុះ ប្រឆាំងនឹងស្តង់ដារសម្រស់ដែលមិនមានផាសុខភាព និងបង្កើនការយល់ដឹង និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ដើម្បីលើកកម្ពស់បរិយាកាសដែលមានផាសុខភាពល្អ និងមានភាពចម្រុះនៅក្នុងប្រទេសកម្ពុជា។
Comments