top of page

វិធីសរសេរអត្ថបទបែបអត្ថាធិប្បាយទាក់ទងនឹងស្ត្រីនិយមនៅកម្ពុជា

  • Writer: Soriya Theang
    Soriya Theang
  • Jul 29, 2024
  • 1 min read
Vintage Typerwrite
Design with Microsoft

តើអ្នកចង់ធ្វើការទាក់ទងនឹងស្ត្រីនិយម (Feminism) ហើយចង់ពង្រីកសំឡេងរបស់អ្នកលើបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់ស្ត្រីនៅក្នុងប្រទេសកម្ពុជាដែរឬទេ?


បើអ្នកចង់ អត្ថបទបែបអត្ថាធិប្បាយ ឬជាភាសាអង់គ្លេស Opinion-Editorial (Op-Ed) អាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការចែករំលែកទស្សនៈរបស់អ្នក ជំរុញការសន្ទនានិងការផ្លាស់ប្តូរនៅក្នុងសង្គម។


តាមរយៈអត្ថបទនេះ យើងនឹងពិនិត្យមើលសិល្បៈនៃការសរសេរអត្ថបទបែបអត្ថាធិប្បាយស្តីពីស្ត្រីនិយម (Feminism) នៅក្នុងបរិបទប្រទេសកម្ពុជា។ យើងនឹងស្វែងយល់ពីគន្លឹះ និងធនធានដ៏មានតម្លៃមួយចំនួន ដើម្បីជួយអ្នកក្នុងការសរសេរអត្ថបទបែបអត្ថាធិប្បាយ ដ៏មាប្រសិទ្ធភាព ដែលឆ្លើយតបនឹងអ្នកអាន។


ស្វែងយល់ពីអត្ថបទបែបអត្ថាធិប្បាយ


អត្ថបទបែបអត្ថាធិប្បាយ ជាឧបករណ៍មួយសម្រាប់បុគ្គលក្នុងការបញ្ចេញមតិរបស់ពួកគេលើប្រធានបទផ្សេងៗ រាប់ចាប់ពីបញ្ហាសង្គម រហូតដល់កំណែទម្រង់គោលនយោបាយ។


នៅពេលសរសេរអត្ថបទបែបអត្ថាធិប្បាយស្តីពីស្ត្រីនិយមនៅកម្ពុជា វាចាំបាច់ណាស់សម្រាប់អ្នកនិពន្ធ ក្នុងការធ្វើការស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង និងបញ្ហាប្រឈមដែលស្ត្រី និងភេទផ្សេងទៀតជួបប្រទះនៅក្នុងប្រទេស។ ក្នុងនោះ យើងអាចមើលទៅលើ បរិបទប្រវត្តិសាស្ត្រ ភាពខុសប្លែកគ្នានៃវប្បធម៌ និងកិច្ចការបច្ចុប្បន្ន ដែលបង្កើតឱ្យមានចលនាស្ត្រីនិយមនៅកម្ពុជា។


វិធីសរសេរអត្ថបទបែបអត្ថាធិប្បាយ


១. ជ្រើសរើសប្រធានបទទាក់ទាញអារម្មណ៍


អ្នកគួរជ្រើសរើសសរសេរអត្ថបទបែបអត្ថាធិប្បាយ ដែលប្រធានបទ ដែលស្របនឹងអ្នក។ មិនថាវាជាសិទ្ធិរបស់ស្ត្រី សមភាពយេនឌ័រនៅកន្លែងធ្វើការ ឬការយល់ឃើញពីវប្បធម៌នៃភាពជាស្ត្រីនោះទេ ចូរផ្តោតលើប្រធានបទដែលអ្នកពេញចិត្ត ហើយដែលបង្ហាញពីបញ្ហាសំខាន់ៗដែលស្ត្រីកម្ពុជា។


ជាឧទាហរណ៍ អត្ថបទដ៏រស៊ើបនេះ ដែលមានចំណងជើងថា "ការផ្លាស់ប្តូរទេសភាពនៃភាពជាស្ត្រី: ពីសមភាពទៅជាការចាញ់ឈ្នះ" ។ ទោះបីជា ខ្ញុំទទួលបានការរិះគន់ខ្លះក៏ដោយ ខ្ញុំគិតថាវាមានតម្លៃក្នុងការសរសេរ និងផ្តួចផ្តើមការសន្ទនាក្នុងន័យស្ថាបនាជុំវិញប្រធានបទនេះ ដើម្បីធ្វើឲ្យចលនាស្រ្តីនិយមវិវត្តទៅមុខទៀតដោយមានការ ចូលរួមពីមនុស្សទាំងអស់គ្នា។


ខ្ញុំក៏បានជ្រើសរើសសរសេរអត្ថបទបែបអត្ថាធិប្បាយមួយទៀតដែរ ដែលមានចំណងជើងថា 'ដីជាខ្សែជីវិតសម្រាប់ស្ត្រីនៅកម្ពុជា' ព្រោះវាជាបញ្ហាដែលខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានឃើញផ្ទាល់ភ្នែកនៅក្នុងសង្គមកម្ពុជា។ ដោយឃើញថាមាន​ការ​យល់​ខុស​ជា​បន្តបន្ទាប់​ដែល​ថា ស្ត្រី និង​ក្រុម​ជនជាតិ​ភាគតិច​មិន​ត្រូវ​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​បញ្ហា​ប្រឈម​ដីធ្លីទាំង​នេះ ខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទនេះឡើង។


អាស្រ័យហេតុនេះ ខ្ញុំសូមលើកទឹកចិត្តអ្នកឱ្យផ្តោតលើប្រធានបទមួយដែលអ្នកពេញចិត្ត និងជាប្រធានបទមួយដែលបំភ្លឺអំពីបញ្ហាសំខាន់ៗដែលស្ត្រីកម្ពុជាជួបប្រទះ។


២. ទាក់ទាញអ្នកអានរបស់អ្នក


សូមចាប់ផ្តើម អត្ថបទបែបអត្ថាធិប្បាយ របស់អ្នកជាមួយនឹងសេចក្តីផ្ដើមដ៏រឹងមាំ និងទាក់ទាញដែលអាចឆក់ទាញចំណាប់អារម្មណ៍របស់អ្នកអានរបស់អ្នកក្នុងរយៈពេលខ្លី នៅពេលពួកគេចាប់ផ្តើមអានអត្ថបទរបស់អ្នក។ អ្នកអាចចាប់ផ្តើមជាមួយនឹងរឿងខ្លីដ៏គួរឱ្យទាក់ទាញ សំណួរដែលជំរុញឱ្យមានការគិត ឬស្ថិតិគួរឱ្យភ្ញាក់ផ្អើល ដើម្បីទាក់ទាញអ្នកអានឱ្យចូលទៅក្នុងការនិទានរឿងរបស់អ្នក។


"កម្ទេចក្រណាត់ និងផង់ធូលីផ្សេងៗកំពុងតែហុយវិលវិញពេញក្នុងរោងចក្រកាត់ដេរមួយ រួមជាមួយនឹងក្លិនក្រណាត់និង សម្លេងម៉ាស៊ីនដេរ។ គេឃើញស្ត្រីអង្គុយជាជួរៗ ហើយដៃរបស់ពួកគេកំពុងមម៉ាញិកដេរក្រណាត់ទាំងនោះដោយប្រើម៉ាស៊ីនកាត់ដេរ។ សម្លេងម៉ាស៊ីនដេរ និងពន្លឺភ្លើងអំពូលដែរនៅពីលើក្បាលរបស់ពួកគេ ដែលផ្ទុយស្រឡះពីព្រះអាទិត្យភ្លឺនៅខាងក្រៅ ក្លាយជាពិភពផ្ទាល់ខ្លួនរបស់ពួកគេ នៅកន្លែងធ្វើការ។"


នេះ​ជា​ការ​បើក​ក្បាលរបស់អត្ថបទមួយដែលមានចំណងជើងថា «ស្ត្រីកម្ពុជាគឺជា ឆ្អឹងខ្នងសេដ្ឋកិច្ច និងតំណាងសង្គម»។ វាទាក់ទាញការចាប់អារម្មណ៍របស់អ្នកអានដោយជំរុញឱ្យពួកគេស្រមៃមើលសេណារីយ៉ូសម្មតិកម្មដែលទាក់ទងនឹងប្រធានបទមុនពេលចូលទៅក្នុងការពិភាក្សា។


៣. ចែករំលែកបទពិសោធន៍ និងសម្រង់ពាក្យសម្តី


អ្នកអាច រួមបញ្ចូលរឿងរ៉ាវផ្ទាល់ខ្លួន ឬបទពិសោធន៍ទាក់ទងនឹងប្រធានបទ ដើម្បីឲ្យអ្នកអានអាចឈរលើជំហររបស់អ្នក និងយល់កាន់តែច្បាស់ពីបញ្ហាដែលអ្នកបានលើកយកមកសរសេរ។ ការចែករំលែករឿងផ្ទាល់ខ្លួនអាចជួយឱ្យអ្នកអានភ្ជាប់អារម្មណ៍ជាមួយសាររបស់អ្នក និងយល់កាន់តែច្បាស់អំពីផលប៉ះពាល់ពិតប្រាកដនៃបញ្ហាស្ត្រីនិយមនៅកម្ពុជា។


នៅក្នុងអត្ថបទ «សកលភាវូបនីយកម្មនៃអត្តសញ្ញាណអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា» ខ្ញុំបានចែករំលែកអំពីសម្រង់ពាក្យសម្តីរបស់សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា ដែលប្រហែលជាបានប្រឈមមុខនឹងការរើសអើងស្រដៀងនឹងបុគ្គលផ្សេងទៀតនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។ សកម្មជន​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​ដូច​ខាង​ក្រោម៖


ក្នុងអំឡុងពេលបណ្តុះបណ្តាលពីនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI)នៅតំបន់ជនបទ “មនុស្សជំនាន់មុនហៅខ្ញុំថា 'ខ្ញុំជាបុរស' មិនមែនជា 'បុរសប្តូរភេទ' ទេ លើកលែងតែសកម្មជនពីរបីនាក់ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលខាងលើនាំ”។


៤. បញ្ចូលទិន្នន័យត្រឹមត្រូវ


គាំទ្រអំណះអំណាងរបស់អ្នកជាមួយនឹងទិន្នន័យ ការរការស្រាវជ្រាវ ឬមតិអ្នកជំនាញ។ ការផ្តល់ភស្តុតាងទាំងនេះអាចពង្រឹងអំណះអំណាងរបស់អ្នក និងបន្ថែមជម្រៅដល់អត្ថបទរបស់អ្នក។ វាក៏ធ្វើឱ្យកាន់តែមានការបញ្ចុះបញ្ចូល និងមានឥទ្ធិពល ទៅលើអ្នកអានរសប់អ្នក។


នៅក្នុងអត្ថបទ "បុរសខ្លាំង៖ កូនប្រុសទ្រូងប្រាំហត្ថ" ខ្ញុំបានសរសេរថា ភាពជា "កូនប្រុសទ្រូងប្រាំហត្ថ" នេះត្រូវបានគេផ្សាភ្ជាប់បញ្ហានេះជាមួយនឹងការថយចុះនៃសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត។ ហើយដើម្បីគាំទ្រអំណះអំណាងនេះ ខ្ញុំបានប្រើទិន្នន័យដែលបុរសនៅក្នុងប្រទេសជប៉ុន កំពុងជួបប្រទះ ដោយសារកម្ពុជាខ្វះទិន្នន័យបែបនេះថា៖


"មានប្រហែល ៧០ ករណីនៃការធ្វើអត្តឃាតក្នុងមួយថ្ងៃ ដែលភាគច្រើនជាបុរសដែលមានអាយុក្រោម ៤៥ ឆ្នាំ។ មូលហេតុមួយនៃអត្រាធ្វើអត្តឃាតខ្ពស់បែបនេះនៅក្នុងប្រទេសជប៉ុនគឺ អសមត្ថភាពក្នុងការស្វែងរកជំនួយរបស់មនុស្សម្នាក់ៗ ដោយសារពួកគេជារឿយៗមិនព្រមទទួលស្គាល់ "ភាពទន់ខ្សោយ" របស់ពួកគេ។


៥. ស្នើដំណោះស្រាយ


អ្នកអាចផ្តល់ជូននូវដំណោះស្រាយដោយស្ថាបនា ឬអនុសាសន៍ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានចែងនៅក្នុង អត្ថបទបែបអត្ថាធិប្បាយរបស់អ្នក។ ផ្តល់សិទ្ធិអំណាចដល់អ្នកអានជាមួយនឹងវិធានការណ៍ដែលពួកគេអាចអនុវត្តដើម្បីគាំទ្របុព្វហេតុស្ត្រីនិយម និងរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។


អត្ថបទ "អំពើហិង្សាដៃគូជិតស្និទ្ធដោយករណីបាញ់ប្រហារនៅក្នុងប្រទេសកម្ពុជា" បានពិនិត្យការវិភាគយេនឌ័រនៃអំពើហិង្សាដោយដៃគូជិតស្និទ្ធ (IPV) ដោយការបាញ់ប្រហារ រួមជាមួយនឹងសំណើដំណោះស្រាយដែលសង្កត់ធ្ងន់លើការការពារ អន្តរាគមន៍ និងការគាំទ្រសម្រាប់អ្នករស់រានមានជីវិត។ ដំណោះស្រាយទាំងនេះត្រូវបានរៀបរាប់ដោយលម្អិតឆ្ពោះទៅរកការសន្និដ្ឋាននៃអត្ថបទ។


សេចក្តីសន្និដ្ឋាន


ការសរសេរអត្ថបទបែបអត្ថាធិប្បាយ ស្តីពីស្ត្រីនិយមក្នុងបរិបទកម្ពុជា ផ្តល់ឱកាសដ៏មានតម្លៃក្នុងការពង្រីកសំឡេងដែលខ្វះខាតនៅក្នុងសង្គមដើម្បី ប្រយុត្តប្រឆាំងនឹងបទដ្ឋានសង្គម និងការតស៊ូមតិដើម្បីសមភាពយេនឌ័រ។ ដោយធ្វើតាមគន្លឹះទាំងនេះ អ្នកអាចសរសេរអត្ថបទបែបអត្ថាធិប្បាយ ដ៏គួរឱ្យទាក់ទាញ ដែលអានឱ្យមានការសន្ទនាដ៏មានអត្ថន័យ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។


ដូច្នេះ តើ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ​ក្នុង​ការ​ចែក​រំលែក​ការ​យល់​ដឹង​របស់​អ្នក និង​ធ្វើឲ្យមានការ​ផ្លាស់​ប្តូរ​តាម​រយៈ ការសរសេរអត្ថបទបែបអត្ថាធិប្បាយរបស់​អ្នក​អំពី​​ស្ត្រីនិយម​នៅ​កម្ពុជា?

ធ្វើឱ្យសំឡេងរបស់អ្នកត្រូវបានឮ ហើយសាររបស់អ្នកឆ្លើយតបជាមួយអ្នកអានទូទាំងពិភពលោក។ ចាប់ផ្តើមសរសេរនៅថ្ងៃនេះ ហើយសូមឱ្យពាក្យរបស់អ្នកបង្កើតនូវកម្លាំង និងការផ្លាស់ប្តូរនៅក្នុងចលនាស្ត្រីនិយម​នៅ​កម្ពុជា។

Comments


ដើម្បីទទួលបានគំនិតផ្សេងៗ អានអត្ថបទទស្សនៈ សេចក្តីអត្ថាធិប្បាយ និងការសង្ខេបគោលនយោបាយនៅលើ "គំនិតរបស់ខ្ញុំ" ថ្ងៃនេះ។

សូមអរគុណសម្រាប់ការតភ្ជាប់។

សូមរង់ចាំមើលព្រឹត្តិបត្រព័ត៌មានប្រចាំខែរបស់យើងដែលមានអត្ថបទទស្សនៈ និងអត្ថាធិប្បាយថ្មីៗ។ កុំភ្លេចពិនិត្យមើលប្រអប់សំបុត្ររបស់អ្នក!

bottom of page